Tuesday, July 19, 2011

សម្បត្តិដ៏មហាសាល

ដីខ្មែរដីកេរ្តិ៍ពីដូនតា                               ចារក្នុងតំរាយ៉ាងជាក់ច្បាស់
ទឹកដីខ្មែរយើងធំធេងណាស់               ប្រជាក្រែលក្រាស់សែនបវរ។
យើងមានសម្បត្តិប្រសើរក្រៃ              ខ្មែរចេះកែច្នៃវិសេសល្អ
មានទាំងប្រពៃណីវប្បធ៌ម                   ជាតិយើងមិនក្រកេរ្តិ៍ល្បាញល្បី។
ប្រាសាទបុរាណមានច្រើនណាស់     សំបូរមិនខ្វះពាសពេញដី
មានបន្ទាយឆ្មា បន្ទាយក្ដី                     ប្រាសាទល្បីៗសែនល្អឯក។
ដីយើងដីល្អសំបូរជាតិ                         ប្រជាខំឈ្លៀតឥតអល់ឯក
ដាំដំនាំច្រើនសំបូរប្លែក                       មានច្រើនអនេកពាសពេញដី។
មានទាំងភ្នំប្រជុំព្រឹក្សា                         ព្រមទាំងបក្សាល្អប្រឹមប្រី
លើភ្នំមានខ្លានិងដំរី                             ទន្សោងគោព្រៃ ប្រើស ក្ដាន់ ឈ្លូស។
មានជ្រុះជ្រង ជ្រលងភ្នំ                       ទឹកហូររងំលាន់សូឈូ
លាយសំលេងខ្យល់ឮសូវូ                  កំពុងរអ៊ូបំពេរចិត្ត។
ក្នុងទឹកមានត្រីច្រើនពន់ពេក              ស្រកាប្លេកៗសែនប្រណិត
ទឹកប្រៃ ទឹកសាបមានសន្ធឹក               បរិបូរពិតក្នុងបុរី។
រ៉ែច្រើនប្លែកៗសំបូរក្រី                         រ៉ែមានតំលៃពេញធរណី
ទទឹមកណ្ដៀងបញ្ចេញរស្មី                 កេរ្តិ៍ឈ្មោះល្បាញល្បីស្នាដៃខ្មែរ។
សម្បត្តិទាំងនេះសែនថ្លៃថ្លា                យើងគ្រប់អាត្មារក្សាថែរ
មិនថានៅក្រុងរឺនៅស្រែ                     សុទ្ធតែជាខ្មែរឈាមដូចគ្នា។
កុំអោយគេលួចឆក់ប្លន់បាន               យើងគ្រប់ៗប្រាណត្រូវខ្នាន់ឃ្នា
ត្រូវប្រុងប្រយ័ត្នគ្រប់វេលា                  នេះគឺពិតជាគង់វង្សអើយ។ 

សរសេរដោយហេងសីហា
ជានិស្សិតនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ

0 comments:

Post a Comment